នាថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារនៃនាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ដឹកនាំដោយលោក អ៊ុក បញ្ញារិទ្ធ អនុប្រធាននាយកដ្ឋាន ធ្វើការចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពគម្រោងដែលបាននឹងកំពុងអនុវត្តនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើលើ ការសម្ភាសន៍ជាមួយអ្នកអនុវត្តន៍គម្រោង (លោកមេឃុំ និងសហការីឃុំ)៖
១.ដើម្បីជ្រើសរើសគម្រោងអាទិភាពថ្នាក់ឃុំដែលបាន និងកំពុងអនុវត្តន៍សម្រាប់ធ្វើការត្រួតពិនិត្យតាមដានពីភាពរីកចម្រើន/ប្រសិទ្ធភាពនៃការអនុវត្តគម្រោង
២. ផ្លាស់ប្តូរបទពិសោធន៍អំពីនីតិវិធីតាមដាន និងវាយម្លៃគម្រោង។
ជាមួយនឹងសកម្មភាពក្រុមការងារចុះសិក្សានៅតំបន់ខាងលើ និងតំបន់ពាក់ព័ន្ធ ជាលទ្ធផលសង្ខេបបានធ្វើការត្រួតពិនិត្យតាមដានគម្រោងដូចក្រោម ៖
ទី១. គម្រោងស្តាបឹងអង្ក្រងផ្តល់ផលប្រយោជន៍ជាលទ្ធភាពស្រោចស្រពទៅដល់ដីជាច្រើនហិកតាសម្រាប់ធ្វើស្រែ និងចំការ
ទី២. គម្រោងជ្រើសរើសប្រជាជន ១១ នាក់សម្រាប់ធ្វើជាជនបង្គោលដើម្បីផ្សព្វផ្សាយពីការចិញ្ចឹមមាន់ទៅតាមគ្រួសារនីមួយៗនៅក្នុងភូមិដែលផ្តល់ផលប្រយោជន៍ទៅលើមុខរបរ និងជីវភាពរស់នៅរបស់អ្នកភូមិ
ទី៣. គម្រោងសាងសង់ផ្លូវគ្រួសក្រហមផ្តល់ផលប្រយោជន៍ដល់ការធ្វើដំណើររស់នៅក្នុងភូមិ
ទី៤. ទទួលបានជាមេរៀនបទពិសោធន៍រវាងក្រុមការងារ និងឃុំអំពីនីតិវិធីតាមដាន និងវាយតម្លៃសម្រាប់គ្រប់គ្រងគម្រោងសម្រេចបានលទ្ធផលដែលយើងចង់បាន។
សកម្មភាពខាងលើនេះ មានគោលបំណង៖ ប្រមូលចងក្រង វិភាគព័ត៌មានពីប្រសិទ្ធភាព នៃការអនុវត្តគម្រោងថ្នាក់ឃុំអាទិភាពដែលបានកំពុងអនុវត្តន៍ និងធ្វើការត្រួតពិនិត្យភាពរីកចម្រើនគម្រោង, ១. ថាតើគោលបំណង និងគោលដៅសូចនាករ របស់គម្រោង ឆ្លើយតបទៅនឹងលទ្ធផលរំពឹងទុក និងលទ្ធផលចុងក្រោយបែបណា, ២.ថាតើគម្រោងទាំងនោះផ្តល់ផលប្រយោជន៍ជាវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះទៅដល់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។