នាថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវលើ កាកសំណល់ឧបករណ៍នេសាទនៅក្នុងភូមិបណ្ដែតទឹកកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជាលទ្ធផលក្រុមការងារទទួលបាន :
១- ជួបជាមួយអាជ្ញាធរដែនដី ពិភាក្សាអំពីការទុកដាក់សំរាម(ឧបករណ៍នេសាទ) របស់ប្រជាជន លើភូមិបណ្ដែតទឹកឃុំកំពង់លួង
២-ជួបសម្ភាសន៍ជាមួយប្រជានេសាទពាក់ព័ន្ធ និងការប្រើប្រាស់ឧបករណ៍នេសាទ តម្លៃទិញចូល អាយុកាលប្រើប្រាស់ និងរបៀបគ្រប់គ្រងកាកសំណល់ឧបករណ៍នេសាទ ក្រោយពេលផុតអាយុកាលប្រើប្រាស់។
៣- ជួបពិភាក្សាអាជីវករលក់ដូរឧបករណ៍នេសាទលើភូមិបណ្ដែតទឹក ដឹងពីតម្លៃទីផ្សារប្រភេទឧបករណ៍នីមួយៗ និងឧបករណ៍ដែលពេញនិយមដូចជា បរ មង និងអ៊ុយ ជាដើម។
សូមបញ្ជាក់ថាសកម្មភាពខាងលេីនេះមានគោលបំណង ៖
- សិក្សាវាយតម្លៃលើប្រភេទឧបករណ៍នេសាទដែលប្រជានេសាទពេញនិយមក្នុងការប្រើប្រាស់ចំនួនបីប្រភេទ រួមមាន ប្រភេទឧបករណ៍នេសាទ បរ មង និងអ៊ុយ និងសិក្សាវាយតម្លៃលើប្រភេទឧបករណ៍នេសាទដែលប្រជាជនប្រើប្រាស់ ជាលក្ខណៈគ្រួសារ។
- សិក្សាពីលំហូរ នៃផលប៉ះពាល់បណ្ដាលមកពីឧបករណ៍នេសាទទៅលើអេកូស៊ីស្ទែមបឹងរួមជាមួយនឹងតម្លៃសេដ្ឋកិច្ច ទៅលើប្រភេទឧបករណ៍នេសាទនីមួយៗ និងរយៈពេលនៃការប្រើប្រាស់។
- ការបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹង ស្ដីពី ផលប៉ះពាល់នៃកាកសំណល់ឧបករណ៍នេសាទដល់ប្រជានេសាទ ប្រជាជនដែលរស់នៅលើភូមិបណ្ដែតទឹកខេត្តជុំវិញបឹងទន្លេសាប។