លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្តីពី ការសិក្សា​តាមដាន​គុណភាព​ទឹក​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និង​ខេត្តពោធិ៍សាត់​

​កាលពី​ថ្ងៃ​ចន្ទ ១០​កើត ដល់​ថ្ងៃ​សុក្រ ១៤​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ដល់​២៣ ខែកុម្ភ​: ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​តាមដាន​គុណភាព​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅក្នុង​តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង  តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ និង​តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី និង​ការចុះ​យក​សំណាក​ទឹក​នៅលើ​ទីតាំង​ជ្រើសរើស​សិក្សា ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ប្រើប្រាស់​ទឹក​របស់​ប្រជាជន​ភូមិ​បណ្តែត​ទឹក និង​ស្ថានភាព​កាកសំណល់​ទូទៅ​ក្នុង​តំបន់​សិក្សា​នីមួយៗ​។​

​ជាមួយនឹង​សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម :

​ទី​១. ក្រុមការងារ​បានធ្វើកា​រ​ជ្រើសរើស​ទីតាំង​ចំនួន ១២ កន្លែង សម្រាប់​វាយតម្លៃ​បឋម​ដោយ​ប្រើប្រាស់​ឧបករណ៍​វាស់​គុណភាព​ទឹក​ស្វ័យប្រវត្តិ​ជា​លក្ខណៈ​រូប ដែលមាន​ប៉ារ៉ាម៉ែត្រ pH, ORP, CT, DO, TDS, Turbidity, Transparency, chlorophyll, Cyanobacteria និង​កករ​ទឹក និង​កម្រិត​ថ្លា​ក្នុង​ទឹក ។​
ទី​២. យក​សំណាក​ទឹក​មក​ធ្វើការ​ពិនិត្យ និង​វិភាគ​/​វាយតម្លៃ​លើ​លក្ខណៈ​គីមី​ចំនួន ១៣ ប៉ារ៉ាម៉ែត្រ ដូចជា TSS,  អាសូត​សរុប (Total Nitrogen), នីត្រាត (NO3¬-), អា​ម៉ូ​ញ៉ូ​ម (NH4-) និង​ផូ​ស្វរ​សរុប (Total Phoshorus), TSS, NO3, NH4, TN, TP, ហ្វី​កាល់​កូ​លី​ហ្វ​ម (Fecal coliform), អឺ​កូ​លី (E.Coli) និង​ការបកស្រាយ​លទ្ធផល​សំណាក​ទឹក​ពី​ស្ថានភាព​គុណភាព​ទឹក ដែល​បាន​ពី​មន្ទីរពិសោធន៍​វិភាគ​គុណភាព​ទឹក នៅ​មន្ទីរពិសោធន៍​គុណភាព​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ទី​៣. លើ​បញ្ហា​ការគ្រប់គ្រង​កាកសំណល់​ក្នុង​តំបន់​សិក្សា​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​ទុកដាក់​កាកសំណល់ និង​ការគ្រប់គ្រង​នៅមានកម្រិត គឺ​បាន​ចោល​ចូលទៅក្នុង​ទន្លេ និង​លើដី​គោក ជាពិសេស​ពពួក​ថង់​ប្លា​ស្ទិ​ក សំបក​បេ សិប្បីសត្វ និង​កាកសំណល់​ផ្សេងៗ លើកលែងតែ​ដប​ទឹក​សុទ្ធ សំបក​កំប៉ុង និង​ធុងសាំង ឬ​ធុង​ជ័រ ដែលមាន​ការប្រមូលទិញ ដើម្បី​កែច្នៃ​ឡើងវិញ ទើប​ប្រមូល​រក្សាទុក​លក់ (​អេតចាយ​) ។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា​តាមដាន​គុណភាព​ទឹក នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង ៖
១. បច្ចុប្បន្នភាព​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​លើ​បរិស្ថាន ជីវៈចម្រុះ និង​ត្រួតពិនិត្យ​តាមដាន​ការប្រែប្រួល​គុណភាព​ទឹក​ក្នុង​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​
២. ចងក្រង​ទិន្នន័យ​-​ព័ត៌មាន​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប និង​នៅ​ភូមិ​បណ្តែត​ទឹក​។