ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសមាសភាពអាជ្ញាធរទន្លេសាប ស្តីពី ការពង្រឹងយន្តការថែរក្សា ការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងដែនព្រៃលិចទឹក ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង នៃបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាល-អភិបាលរងនៃគណៈអភិបាលខេត្តទាំង ៨ ជុំវិញតំបន់ទន្លេសាប ដែលជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងជាសមាជិកសមាសភាព របស់អាជ្ញាធរទន្លេសាប រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តទាំង ៨ ជុំវិញតំបន់ទន្លេសាប សរុបចំនួន ៥៧នាក់ ។
សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់សមាសភាពអាជ្ញាធរទន្លេសាប ដែលបានប្រព្រឹត្តទៅនារសៀលនេះ គឺជាកិច្ចប្រជុំលើកដំបូង ស្ថិតក្នុងដំណើរការការងារអាណត្តិទី ៧ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីផ្សារភ្ជាប់ជាមួយនឹងការយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
កិច្ចប្រជុំខាងលើនេះ គឺមានគោលបំណងពិភាក្សា និងពិគ្រោះយោបល់ សំដៅប្រមូលរាល់គំនិតយោបល់ និងការចែករំលែកនូវបទពិសោធន៍ការងារ ពីថ្នាក់ដឹកនាំដែលជាសមាជិកមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ២៨ និងខេត្តទាំង ៨ ជុំវិញតំបន់ទន្លេសាប ដែលជាធាតុចូលមួយដ៏មានសារៈសំខាន់ ក្នុងការកំណត់បាននូវសកម្មភាពយុទ្ធសាស្ត្រការងារជាអាទិភាព ដើម្បីចូលរួមពង្រឹងយន្តការថែរក្សា ការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងដែនព្រៃលិចទឹក ក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបប្រកបដោយចីរភាព ។
ជារួមអង្គប្រជុំទាំងមូល បានគាំទ្រចំពោះយន្តការដំណើរការការងារអាជ្ញាធរទន្លេសាប ដែលបាន និងកំពុងអនុវត្តផ្ទាល់ជាមួយនឹងកិច្ចការការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ និងដែនព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប និងបានចូលរួមនូវគំនិត ការផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងកិច្ចសហការយ៉ាងជិតស្និតក្នុងក្របខ័ណ្ឌបច្ចេកទេស សំដៅដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយនិរន្តរភាព ។
សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាប គឺជាស្ថាប័នសេនាធិការឲ្យរាជរដ្ឋាភិបាលផ្ទាល់ ក្នុងបេសកកម្មការងារសម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ។ ក្នុងនោះដែរ អាជ្ញាធរទន្លេសាប ក៏មានសមាសភាពជាសមាជិក មកពីបណ្តាក្រសួងស្ថាប័នចំនួន ២៨ និងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប និងខេត្ត ២ បន្ថែមទៀត ដែលជាប់តំបន់ទន្លេសាប ហើយត្រូវបានបង្កើតឡើងស្របតាមសេចក្តីសម្រេចលេខ ២៤៣ សសរ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ស្តីពីការកែសម្រួលសមាសភាព របស់អាជ្ញាធរទន្លេសាប ៕