ឯកឧត្តម ហ៊ែ​ល តូ​នី ដឹកនាំ​គណៈប្រតិភូ​ធនាគារពិភពលោក ចុះ​ពិនិត្យ​ស្វែងយល់​ពី​ស្ថានភាព​ភាព​ទូទៅ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ជាមួយ​ប្រតិភូ​ធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ប្រធាន​ទទួលបន្ទុក​ផ្នែក​ទឹក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។ នៅ​ថ្ងៃ​ពុធ ១១​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម  ជាមួយនឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ចុះ​ពិនិត្យ​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​ធនាគារពិភពលោក​នៅ​ទីតាំង​ផ្នែក​មួយ​នៃ​តំបន់​បឹង​ទន្លេសាប គឺ​ដើម្បី​ផ្តួចផ្តើម​គំនិត​ពី​ការគិតគូរ​ដោយ​ហ្មត់ចត់​ចំពោះ​ការរៀបចំ​នូវ​ការគ្រប់គ្រង​ធនធានទឹក និង​ធនធានធម្មជាតិ បរិស្ថាន​តំបន់​អាង​បឹង​ទន្លេ សាប​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព ដោយ​ធ្វើការ​វាយតម្លៃ​លើ​ស្ថានភាព​ទូទៅ​របស់​អាង​បឹង​ទន្លេសាប​ជាមួយនឹង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ដែលមាន អាជ្ញាធរ​ទន្លេសាប ជា​ស្ថាប័ន​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ដែលជា​ស្ថាប័ន​មួយ ដើរតួនាទី​យ៉ាងសំខាន់​លើ​កិច្ចការ​សម្របសម្រួល​អ​ន្ត​រ​វិស័យ  ក្នុង​តំបន់​អាង​ទន្លេសាប​។​

​សូម​ជម្រាបជូន​ថា បេសកកម្ម​រយៈពេល​មួយថ្ងៃ​នេះ គណៈប្រតិភូ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង និង​បាន​ស្វែងយល់​ជាបឋម​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើប្រាស់​ទឹក​, គុណភាព​ទឹក​, ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក និង​ការបញ្ចេញចោល​រាល់​កាកសំណល់​ទៅក្នុង​ទឹក​បឹង ដែល​ផ្សារភ្ជាប់​ទៅនឹង​សុខុមាលភាព​របស់​បឹង​ទាំងមូល ជាមួយនឹង​ការស្វែងយល់​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បណ្តែត​ទឹក ដែល​រស់នៅ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ធនធានធម្មជាតិ របស់​បឹង​ទន្លេសាប ជាពិសេស​ការចិញ្ចឹម​ជិវិត​ប្រចាំថ្ងៃ​ជាមួយនឹង​របរ​នេសាទ អាជីវកម្ម​ខ្នាតតូច​ជា​លក្ខណៈ​គ្រួសារ និង​សេវាកម្ម​ទេសចរ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ធនាគារពិភពលោក បានអនុម័ត​កញ្ចប់​ថ​វិកា សម្រាប់​ការសិក្សា​ជំហាន​បឋម​តំបន់​បឹង​ទន្លេសាប ដើម្បី​ឈានទៅ​ធ្វើការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព​យូរអង្វែង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​អាណត្តិ ទី ៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ក្តៅ​ចំពោះ​ការការពារ​ថែរក្សា និង​គ្រប់គ្រង​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ។