នៅថ្ងៃព្រហស្បតិ៍ ១២ កើត ដល់ថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ដល់ ២២ ខែមីនា ឆ្នាំ២០២៤ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ ត្រូវបានចាត់តាំងឱ្យ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីផែនការគ្រប់គ្រងអាងស្ទឹងជីនិតរបស់គម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្មនៅផ្នែកខាងត្បូងក្រុងស្ទឹង សែនខេត្តកំពង់ធំនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។
អង្គសិក្ខាសាលាបានដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងសមាសភាពតំណាងចូលរួមពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររ៉ែ និងថាមពល មន្ទីរឧស្សាហកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររដ្ឋាករទឹកស្វយ័តខេត្ត សរុបចំនួន ៥០រូប ។
អង្គសិក្ខាសាលាបានផ្តោតលើ៖
១. សាវតារបស់គម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រអាងស្ទឹងជីនិត និងប្រភពថវិកា
២. ការកសាងផែនការគ្រប់គ្រងអាងស្ទឹងជីនិត
៣. លទ្ធភាពប្រើប្រាស់ទឹក និងការផ្គត់ផ្គង់ទឹកសម្រាប់អាងស្ទឹង
៤. បម្រែបម្រួលអាកាសធាតុ របបជលសាស្ត្រ-ឧតុនិយម និងផលប៉ះពាល់បាតុភូតផ្សេងៗមកលើអាងស្ទឹង និង
៥. ការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងធនធានទឹក កសិកម្ម ធនធានរ៉ែ និងការប្រើប្រាស់ទឹកក្នុងវិស័យឧស្សាហកម្មក្នុងអាងស្ទឹងជីនិត ។
លទ្ធផលអង្គសិក្ខាសាលាបានពិភាក្សាលើ៖
• ផែនការគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រអាងស្ទឹងជីនិត
• ការព្យាករណ៍អាកាសធាតុ ជលសាស្ត្រ និងឧតុនិយម ច្រើនឆ្នាំសម្រាប់អាងស្ទឹង
• គម្រោងកែលម្អប្រព័ន្ធធារាសាស្ត្របានផ្តោតលើទីតាំង ចំនួន ៥ ខេត្ត (ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កំពត និងតាកែវ)
• បញ្ហាប្រឈម ដំណោះស្រាយ និងតម្រូវការទឹកប្រើប្រាស់នៅក្នុងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រអាងស្ទឹងជីនិត៕