ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​អញ្ជើញ​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ស្ថានភាព​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​

​នៅ​ថ្ងៃ​អង្គារ ២​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង និង​អាជ្ញាធរ​ទន្លេសាប មន្ត្រី​ប​ច្ចក​ទេស​ក្រសួង​និង​មន្ទីរ រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​និង​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៃ​សហគមន៍​នេសាទ​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។  

​សូមជម្រាបថា ដំណើរ​ចុះ​បេសកកម្ម​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ទន្លេសាប នាពេលនេះ​គឺ​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ និង​ស្វែងយល់​ពី ទី​១)​ស្ថានភាព​តំបន់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ ដែល​នឹងត្រូវ​បោះបង្គោល​ព្រំ​ការពារ​ថែរក្សា ទី​២)​ការគ្រប់គ្រង​ធនធានទឹក​សម្រាប់​ការបង្កបង្កើន​ផល​លើ​ផ្ទៃដី​កសិកម្ម​ក្នុង​តំបន់​អាស្រ័យ​ផល​ក្នុង​តំបន់​២ ទី​៣)​ការគ្រប់គ្រង​របស់​អា​ជ្ញា​ធរ​ដែនដី​មាន​សមត្ថកិច្ច និង​សហគមន៍​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ទី​៤)​ស្ថានភាព​ទឹក​បឹង​ទន្លេសាប និង​ទី​៥)​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ សម្រាប់​ធ្វើជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​ផ្តួចផ្តើម​គំនិត​ពី​ការគិតគូរ​ដោយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​គ្រប់គ្រង​ធនធានទឹក និង​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​តំបន់​ទន្លេសាប និង​ឈានទៅ​រៀបចំ​កសាង​នូវ​គោលនយោបាយ​មួយ​ច្បាស់លាស់ និង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ប្រកបដោយ​ចីរភាព ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បាវចនា​ទាំង​៥ ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ 

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​សហគមន៍​នេសាទ ដែល​កំពុង​រស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​អាស្រ័យ​នឹង​ធនធានធម្មជាតិ​របស់​បឹង​ទន្លេសាប ស្ថិតក្នុង​តំបន់​នោះ​ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​ការប្រែប្រួល​របប​ទឹក​នៅក្នុង​រដូវប្រាំង​ធៀប​នឹង​រដូវវស្សា ការ​រេច​រិល​នៃ​ធន​ធន​ធម្មជាតិ គុណភាព​ទឹក សេវាកម្ម​ទេសចរ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍​ក្នុង ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ ការ​វេច​ខ្ចប់​កាកសំណល់​រឹង​រាវ ការធ្វើ​អនាម័យ និង​ការបញ្ចេញ​ទឹក​កខ្វក់​ពី អាជីវកម្ម​ខ្នាតតូច​នៅលើ​ទឹក​បឹង ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សុខមាលភាព​របស់​បឹង​ទាំងមូល​។ 

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ទន្លេសាប ក៏បាន​លើកឡើង​ពី​សារសំខាន់​របស់​បឹង​ទន្លេសាប ដែលជា​សម្បត្តិ​ធនធានធម្មជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុងការ​ការពារ​ថែរក្សា និង​គ្រប់គ្រង​តំបន់​ទន្លេសាប​ប្រកបដោយ​ចីរភាព  ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រួម​សហការគ្នាជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ ក្នុងការ​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការការពារ ការអភិរក្ស និង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព ។ 

​គួរ​បញ្ជាក់ថា បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​មួយ​ដែល​ធំជាងគេ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន ដែល​កំណត់​ពី​អត្តសញ្ញាណ​ជាតិ និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​សន្តិសុខ​ស្បៀង និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។ ការទាញយក​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ​បឹង​ទន្លេសាប​ហួស​កម្រិត រួមជាមួយ​ការប្រែប្រួល​អាកាសធាតុ បានធ្វើឱ្យ​បឹង​ទន្លេសាប ទទួលរង​នូវ​ការគំរាមកំហែង​គួរឱ្យ​ព្រួយបារម្ភ ដែល​នឹង​អាចធ្វើឱ្យ​បាត់​នូវ​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​៕