មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ចំណុច​និយាម​កា​ព្រំប្រទល់​តំបន់​៣ កំណត់​ដែន​ព្រៃ​លិច​ទឹក ខេត្តបាត់ដំបង

​នា​រសៀល​ថ្ងៃ​ចន្ទ ១៥​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នា​២០២៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បានបញ្ចប់​បេសកកម្ម​ការងារ ពិនិត្យ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ នៃ​ចំណុច​និយាម​កា​ក្នុង​ខេត្តបាត់ដំបង ចំនួន ១៧១​ចំនុច ដែល​បានចាប់ផ្តើម​ចុះ​អនុវត្ត​កិច្ចការងារ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ ដោយមាន​កិច្ចសហការ​ចូលរួម​ពី អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​រដ្ឋបាល​ដែនដី និង​ជន​បង្គោល​អាជ្ញាធរ​ទន្លេសាប (​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង​) ។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃ​២៥ ខែមីនា ឆ្នាំ​២០២៤ បន្ទាប់ពី​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ផែនទី បានបញ្ចប់​សកម្មភាព​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ចំណុច​និយាម​កា​ចំនួន ១៤៦ ចំនុច នៅ​ខេត្តពោធិ៍សាត់​រួចរាល់​។ នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤ លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ​ការជីក​រណ្តៅ និង​ដាំ​បង្គោល​ជា​បន្តបន្ទាប់​ទៅតាម​ចំណុច​និយាម​កា បានកំណត់​ដៅ​ត្រឹមត្រូវ​តាម​ទីតាំង​ព្រំ នៃ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តពោធិ៍សាត់ ។​

​សូមបញ្ជាក់ថា តំបន់​បឹង​ទន្លេសាប ត្រូវបាន​កំណត់​បែងចែក​ជា ៣ តំបន់ : 
- តំបន់​១. ជា​តំបន់​ភូមិឋាន ដែល​អនុញ្ញាតឱ្យ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​
- តំបន់​២. ជា​តំបន់ទ្រនាប់ ស្ថិតនៅ​ចន្លោះ​រវាង​តំបន់​១ និង​តំបន់​៣ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​
- តំបន់​៣. ជា​តំបន់​ព្រៃ​លិច​ទឹក ដែល​ត្រូវការពារ និង​ហាមឃាត់​ដាច់ខាត ៕