នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានជួបប្រជុំពិភាក្សាការងារ រវាងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ជាមួយមន្ត្រីបច្ចេកទេសក្រសួងសាធារណៈការនិងដឹកជញ្ជូន និងអ្នកបច្ចេកទេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) លើ ករណីស្នើសុំការផ្ដល់ព័ត៌មាន និងឯកសារ ទិន្នន័យពាក់ព័ន្ធនឹងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរទន្លេសាប ដើម្បីជួយសម្រួលដល់ការសិក្សាគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សាការងារនេះគឺ ស្នើសុំការចូលរួមសហការការងារ និងពិនិត្យលទ្ធភាពការផ្តល់ទិន្នន័យ-ព័ត៌មាន និងឯកសាររបាយការណ៍បច្ចេកទេសពាក់ព័ន្ធ ជាជំនួយសម្រួលដល់ការសិក្សា វិភាគការជ្រើសរើសខ្សែផ្លូវអាទិភាព គម្រោងផ្លូវល្បឿនលឿន។
ជាលទ្ធផលកិច្ចប្រជុំពិភាក្សា ក្រុមការងារបច្ចេកទេស បានឯកភាពលើចំណុចរួមមាន ៖
- បានឯកភាពគ្នាក្នុងកិច្ចសហការការងារ ការចែករំលែកទិន្នន័យ-ព័ត៌មាន និងឯកសាររបាយការណ៍បច្ចេកទេស
- ឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកទេស ពីអាជ្ញាធរទន្លេសាប លើកិច្ចការងារពិភាក្សា រួមទាំងការសិក្សា ការវាយតម្លៃផលប៉ះពាល់ធនធានធម្មជាតិ និងសង្គម ក្នុងតំបន់ទន្លេសាប
- បន្តយន្តការកិច្ចសហការណ៍ ក្រុមការងារបច្ចេកទេសលើការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន-ទិន្នន័យរវាងស្ថាប័នអាជ្ញាធរទន្លេសាប និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីឱ្យការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពី រាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បញ្ចប់តាមការគ្រោងទុក និងប្រកបដោយប្រសិទ្ធភាព ៕