លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ដឹកនាំ​ក្រុមការងារ បន្ត​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​ការិយាល័យ​សម្របសម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​សូម​ជម្រាបជូន​ថា ការបន្ត​ចុះ​អនុវត្តន៍​សកម្មភាព​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា​៖
- ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​ខណ្ឌ​ជលផល​ខេត្តបន្ទាយមានជ័យ​
- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ 
- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​កំបោរ ។​

​សូមបញ្ជាក់​ជូន​ថាៈ សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុង​គោលបំណង ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធនធានធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព ៕