កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រុមការងារមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប បានចុះត្រួតពិនិត្យដែនព្រៃលិចទឹកនៅភូមិសាស្ត្រ តំបន់ ២ និងតំបន់ ៣ ក្នុងឃុំទឹកហូត ឃុំស្វាយជ្រុំ ក្នុងស្រុករលាប្អៀរ និងឃុំខុនរ៉ង ក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ មើលពីស្ថានភាពទូទៅក្នុងសកម្មភាពទ្រទ្រង់ជីវភាពរស់នៅ និងការប្រកបរបរកសិកម្មរបស់ប្រជាជននៅក្នុងតំបន់ ២ និងពិនិត្យមើលបង្គោលរង/មេក្នុងតំបន់ ៣ និងការរុកទន្ទ្រានព្រៃលិចទឹកក្នុងតំបន់ ៣ ដែលជាតំបន់ហាមប៉ះពាល់ដាច់ខាត ។
ក្នុងសកម្មភាពនេះ ក្រុមការងារមន្ត្រីបច្ចេកទេស របស់អាជ្ញាធរទន្លេសាប បានចុះជួបនិងសំណេះសំណាលសួរសុខ ទុក្ខជាមួយនឹងប្រជាកសិករ អ្នកនេសាទ និងមន្ត្រីមូលដ្ឋានភូមិ ឃុំដែលបាន និងកំពុងតែតាំងទីលំនៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់ទាំងនោះ ដូចជា ប្រវត្តិបង្កើតឡើងនៃភូមិករ ការមកតាំងទីលំនៅដ្ឋាន ការប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃ ការទាញយកនូវផលប្រយោជន៍បានមកពីធនធាននៃបឹងទន្លេសាប ការរំខានពីជនខិលខូចមកលើតំបន់ ហាមឃាត់ក្នុងរុករានទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ ៣ ។ល។