លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន និង​ក្រុមការងារ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប នៅ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង

​នា​ថ្ងៃ​ចន្ទ ១០​រោច ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ១៤​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៩ ដល់ ១៣ ខែ តុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ តំបន់​កំពង់​ឃ្លាំង និង​តំបន់​ចុង​ឃ្នៀ​ស ខេត្តសៀមរាប និង​តំបន់​ព្រែក​ទាល់ ខេត្តបាត់ដំបង​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី​១. សម្ភាសន៍​ប្រជា​នេសាទ ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា ។​
​ទី​២. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​ក្នុង​តំបន់​នេសាទ​នីមួយៗ​, វាស់​គុណភាព​ទឹក​បឋម និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ត្រី​នៅ​រដូវវស្សា ។​

​ជាមួយនឹង​សកម្មភាព​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​បឋម​បង្ហាញ​ឃើញថា ៖ 
១. បាន​រកឃើញ​ប្រភេទ​ត្រី​ចំនួន ៣០ ប្រភេទ ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ការនេសាទ ៣ ប្រភេទ គឺ​ឧបករណ៍ មង​រាយ បរ និង​សន្ទូច ។ 
២. បាន​វាស់ ថ្លឹង និង​កត់ត្រា​លើ​ប្រភេទ​វា​រី​សត្វ​/​សិប្បីសត្វ​សរុប​មាន​ចំនួន ០៤ ពួក​ធំៗ ដោយ​ចែកចេញជា ០៤ ថ្នាក់ ស្មើនឹង ០៥ លំដាប់ និង ០៨ អម្បូរ មាន ១៧ ប្រភេទ​។ ក្នុងនោះ​វា​រី​សត្វ​ដូចជា (​កំពឹស ពស់​ទឹក​) មាន​ចំនួន ០៣ អម្បូរ ស្មើនឹង  ០៦ ប្រភេទ និង​សិប្បីសត្វ​ដូចជា (​លៀស ខ្យង ខ្ចៅ គ្រំ​) មាន​ចំនួន ០២ អម្បូរ ស្មើនឹង  ១១ ប្រភេទ​។​
៣.  គុណភាព​ទឹក​បឹង​ទន្លេសាប​នា​រដូវវស្សា នា​ពាក់កណ្តាល​ខែតុលា គឺជា​ទឹក​ដែលមាន​គុណភាព​ល្អ​សម្រាប់​ធនធាន​ជលផល​គ្រប់​ប្រភេទ​រស់នៅ លាក់ខ្លួន និង​លូតលាស់​ធំធាត់ ដោយ​ទឹក​មាន​ភាព​ថ្លា​ចាប់ពី ១៥ ស​.​ម ទៅ ២០ ស​.​ម ស៊ី​តុ​ណ្ហ​ភាព​ទឹក​មាន​ចន្លោះ​ពី ៣០ ទៅ ៣១ អង្សារ​oC ចំណែក​អុកស៊ីសែន​រលា​យ​ក្នុង​ទឹក​មាន​គ្រប់គ្រាន់​លើសពី ៣ mgO2/L ។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ ក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប
សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​
- តាមដាន និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​ទៅតាម​ទីតាំង​សិក្សា​។​
- តាមដាន​លើ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី លៀស និង​គ្រុំ លើ​ការរស់នៅ ការបន្ត​ពូជ និង​ការលូតលាស់ (​រដូវប្រាំង​/​រដូវវស្សា​)​។