ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​សន្និសីទ​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍

កាលពី​ថ្ងៃទី 25-26 ខែមីនា ឆ្នាំ 2014 ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ក្រោម​ប្រធានបទ “ ការអភិវឌ្ឍ​បៃតង ” ក្រោម​អធិបតីភាព ឯកឧត្តម យិន គឹមស៊ាន    រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែល​រៀបចំ​ដោយ  NGO Forum, CAFOD, AsiaNGO, និង Green Inclusive Growth ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​កម្មវិធី​អភិវឌ្ឍ​បៃតង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​សម្របសម្រួល​ដល់​ការលើកទឹកចិត្ត​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​សហការ​ក្នុងការ​លើកកម្ពស់​នូវ     កម្មវិធី​អភិវឌ្ឍ​បៃតង​នាពេល​អនាគត​។
​សន្និសីទ មានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល  អ្នករៀបចំ​គោលនយោបាយ​អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍  ដើម្បី​ចូលរួម​នូវ​គំនិត និង​យោបល់​ក្នុងការ​កំណត់​នូវ​ការអនុវត្ត​ការអភិវឌ្ឍ​បៃតង​ឲ្យ​ទទួលបាន​នូវ​ផលប្រយោជន៍​ដល់​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម ជាពិសេស ការលើក​បង្ហាញ​អំពី​រាល់​កម្មវិធី​ថ្នាក់ជាតិ​តាម​បណ្តា​ប្រទេស​នីមួយៗ​នៅក្នុង​តំបន់ និង​បង្ហាញ​អំពី​ផែនទី​បង្ហាញផ្លូវ​នៃ​ការអភិវឌ្ឍ​បៃតង (Green Growth Roadmap) ។​