ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន ចុះ​ស្វែងយល់ ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​កំពង់​ប្រាក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​សុក្រ ៥ កើត ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២៤ ឯកឧត្តម  ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន និង​មន្ត្រី​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ចុះ​សិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​កំពង់​ប្រាក់ ស្ថិតក្នុង​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​
ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​ជម្រាបជូន​ប្រតិភូ​ពី​សារៈសំខាន់​នៃ​បឹង​ទន្លេសាប សក្តានុពល​ធនធានធម្មជាតិ ជីវចម្រុះ​នៅក្នុង​បឹង​ទន្លេសាប ភាព​គំរាមកំហែង​នាពេល​បច្ចុប្បន្ន បណ្តាលឱ្យ​ផល​ស្តុក​ធនធាន​ជលផល​ធ្លាក់ចុះ ។ 

​ដោយឡែក ការជ្រើសរើស​ចុះ​សិក្សា​ស្វែងយល់​នៅពេលនេះ គឺ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ ដែលជា​តំបន់​អភិរក្ស​ដ៏​សំខាន់​មួយ​ក្នុងចំណោម​តំបន់​អភិរក្ស​ទាំង ៨ កន្លែង បាន​បង្កើតឡើង​ក្នុងសម័យ​បារាំង ឆ្នាំ​១៩៥៨ ហើយ​ស្ថិតនៅក្នុង​បឹង​តូច នៃ​បឹង​ទន្លេសាប ។ 

​តំបន់​អភិរក្ស​ជលផល​នេះ មាន​លក្ខណៈ​សមស្រប​ស​ម្រា​ប់​ជា​កន្លែង​ជួយ​ថែរក្សា​ពូជ​មច្ឆា​ជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ដើម្បី​ជួយ​បង្កើន​បរិមាណ​ផល​ស្តុក​ជលផល ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ ។ ដើម្បី​ធានា​និរន្តរភាព​ធនធាន​ជលផល ត្រូវមាន​ការចូលរួម​ទាំងអស់គ្នា ក្នុងនោះ​÷
- បន្ត​ការការពារ និង​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ​
- សហគមន៍​នេសាទ​បន្ត​រក្សា​ការពារ​មេ​ពូជ​ត្រី​ក្នុង​តំបន់​អភិរក្ស​
- ស្ថាប័ន​ជលផល បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍ បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ ដល់​សហគមន៍​
- ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការបង្ក្រាប​បទល្មើស​នេសាទ​
- អាជ្ញាធរ​ឃុំ ត្រូវ​បញ្ចូល​កញ្ចប់​ថវិកា​ទៅក្នុង​ផែនការ​កម្មវិធី​វិនិយោគ​ឃុំ សម្រាប់​កិច្ចការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជលផល​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ការចុះ​សិក្សា​ស្វែងយល់ នៅ​តំបន់​អភិរក្ស​កំពង់​ប្រាក់​នេះ ក្នុង​គោលបំណង ដើម្បី​÷
១. ស្វែងយល់​ពី​ទស្សនវិស័យ និង​ផែនការ​គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី នៅក្នុង​តំបន់​អភិរក្ស​
២. សកម្មភាព​ការងារ រួមជាមួយ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ដែលមាន​ស្រាប់​នៅក្នុង​ការចូលរួម​ថែរក្សា ការពារ និង​គ្រប់គ្រង​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​អភិរក្ស​
៣. បញ្ហា​ផលប៉ះពាល់​មកលើ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល ជីវចម្រុះ ជាពិសេស​ប្រព័ន្ធ​អេកូឡូស៊ី នៅក្នុង​តំបន់​អភិរក្ស​
៤. ស្ថានភាព​ជីវភាព​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ នៅ​ជុំវិញ​តំបន់​អភិរក្ស​
៥. សក្តានុពល និង​កាលានុវត្តភាព​តំបន់​អភិរក្ស ក្នុងការ​ជម្រុញ​ផលិតភាព​ធនធាន​ជលផល ជីវចម្រុះ និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​
៦. ការចូលរួមចំណែក​ពី​ក្រសួង​ស្ថាប័ន និង​ដៃគូរ​ពាក់ព័ន្ធ​ក្នុង​តំបន់​អភិរក្ស​
៧. ភាពខ្លាំង ភាព​ខ្សោយ និង​វិធាន​ដោះស្រាយ រួមជាមួយ​តម្រូវការ​ក្នុង​វិធានការ​ឆ្ពោះទៅ​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​

​សូមបញ្ជាក់ថា ប្រតិភូ​អន្តរក្រសួង ស្ថាប័ន​បាន​អញ្ជើញ​ចូលរួម​ចុះ​សិក្សា​ស្វែងយល់​នេះ មាន​ពី​ឯកឧត្តម​លោក លោកស្រី ជា​តំណាង​ក្រសួង​ធន​ធន​ទឹក និង​ឧតុនិយម ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ធនាគា​ពិភពលោក (World bank)  នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម (DFAT) សហភាព​អឺរ៉ុប (EU) អង្គការ​អភិរក្ស​អន្តរជាតិ (CI)  ឯកឧត្តម​អភិបាលរង​ខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្តពោធិ៍សាត់ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ក្រគរ ឃុំ ខណ្ឌ​ជលផល​-​ផ្នែក​ជលផល​ស្រុក​ក្រគរ សហគមន៍​នេសាទ​កំពង់​ប្រាក់ រួម​នឹង​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៥០​នាក់​៕