ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ប្រជុំ​ណែនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ស្រាវជ្រាវ​ករណី​មិន​ប្រក្រតី​លើដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ និង​តំបន់​៣

​អាជ្ញាធរ​ទន្លេសាប : បន្ទាប់ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ប្រជុំ​ណែនាំ​ក្រុមការងារ​បច្ចេកទេស ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប នឹង​ចុះ​ស្រាវជ្រាវ​ករណី​មិន​ប្រក្រតី​លើដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​២ និង​តំបន់​៣ ក្រោយពី​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​សមាជិក​អាជ្ញាធរ​ទន្លេសាប ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប កាលពី​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០២៥ កន្លងទៅ ក្នុង​ការចុះ​សិក្សា​ស្វែងយល់​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប បាន​ពិនិត្យឃើញ​មាន​សកម្ម​ភាពមិនប្រក្រតី នៃ​ការរំលោភបំពាន​ដីព្រៃ​លិច​ទឹក ដោយ​ការមិន​គោរព​អនុវត្ត​នូវ​បទបញ្ជា និង​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ការមិន​គោរព​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​៕