កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤ ក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរ ទន្លេសាប ដឹកនាំដោយលោក វិន ប៊ុនពៅ អនុប្រធាននាយកដ្ឋានក្តាប់រួម នៃនាយកដ្ឋានធនធានធម្មជាតិ បានចុះ សិក្សាស្រាវជ្រាវអំពីជីវៈចម្រុះ និងស្ថានភាពនៃព្រៃលិចទឹក នៅក្នុងតំបន់កំពង់លួង ស្រុកក្រគរ តំបន់កោះក្អែក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងតំបន់ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ តាមរយៈនៃការចុះសិក្សាស្រាវជ្រាវ ក្រុមការងារ បានធ្វើការស្រង់ទិន្នន័យនូវចំនួនគ្រួសារប្រជានេសាទរស់នៅភូមិបណ្តែតទឹកក្នុងផ្ទៃបឹងទន្លេសាប បាន និងកំពុងតែប្រើប្រាស់ឧបករណ៍នេសាទ និងស្រង់ព័ត៌មានពីការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដូចជា ការនេសាទ តំលៃទីផ្សា សេវាកម្មនានា និងការប្រកបអាជីវកម្មផ្សេងៗនៅលើផ្ទៃបឹងជាលក្ខណៈគ្រួសារ ។ ក្នុងសកម្មភាពចុះ សិក្សានេះផងដែរ ក្រុមការងារ ក៏បានតាមដានអំពីផលចាប់ជាក់ស្តែងរបស់ប្រជានេសាទ ធ្វើការវាស់ប្រវែងត្រី រាប់ប្រភេទត្រី និងបានប្រមូលយកនូវសំណាកត្រីមួយចំនួន ដើម្បីយកមកធ្វើការពិនិត្យនៅបន្ទប់ ពិសោធន៍របស់ អាជ្ញាធរទន្លេសាប ។