សិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស ស្តីពី​ការវាយតម្លៃ​លើ​ដំណើរការ​ប្រព័ន្ធ​ព្យាករណ៍​រយៈពេល​មធ្យម​នឹង​វែង នឹង​ការដាក់ឱ្យ​ដំណើរការ​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​របស់ គណៈកម្មការ​ទន្លេមេគង្គ​

​ខេត្តកំពង់ចាម ៖ នា​ថ្ងៃ​សុក្រ ៧​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៥ លោក ហេង បូរាណ ជំនាញការ​បច្ចេកទេស នៃ​នាយកដ្ឋាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស ស្តីពី​ការវាយតម្លៃ​លើ​ដំណើរការ​ប្រព័ន្ធ​ព្យាករណ៍​រយៈពេល​មធ្យម​នឹង​វែង និង​ការដាក់ឱ្យ​ដំណើរការ​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​របស់ គណៈកម្មការ​ទន្លេមេគង្គ ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​ការចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ មន្ទីរជំនាញ​ខេត្ត​ពាក់ព័ន្ធ និង​អ្នកជំនាញការ​ពី​លេខាធិការដ្ឋាន មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ សរុប​២៥​រូប ។​

​គោលបំណង​នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​គឺ​ដើម្បី 
- ពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​ប្រព័ន្ធ​ព្យាករណ៍​រយៈពេល​មធ្យម និង​វែង ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ក្នុងអំឡុងពេល​ទឹកជំនន់​ឆ្នាំ​២០២៤ 

-ដើម្បី​ជា​មូលដ្ឋាន​ឈានដល់​ការឯកភាព​គ្នា​លើ​ការដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​ផលិតផល​ព្យាករណ៍​សម្រាប់​ការប្រើប្រាស់​ជា​សាធារណៈ និង 

-ពិនិត្យ​លើ​សកម្មភាព​លម្អិត និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការព្យាករណ៍ និង​គំនិត​ផ្តួចផ្តើម​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់ និង​រាំងស្ងួត​តំបន់​ក្នុង​ឆ្នាំ​២០២៥​។ 

​សូម​ជម្រាបជូន​ថា​៖ គណៈកម្មការ​ទន្លេមេគង្គ បានគិត​គូរ​ជាប់​ជាប្រចាំ​លើ​ការកសាង​សមត្ថភាព​សម្រាប់​ធ្វើការ​វិភាគ​លើ​បញ្ហា  បច្ចេកទេស ក្នុងនោះ​កិច្ចការ​សម្រាប់​ការព្យាករណ៍​ទឹកជំនន់ និង​ភាពរាំងស្ងួត ដែលមាន​សារៈសំខាន់​ដើម្បី​ជួយ​ដល់​ការជូនដំណឹង​ជាមុន ការឆ្លើយតប​ពេល​គ្រាអាសន្ន ដោយ​ត្រូវមាន​ការយល់ដឹង​អំពី​ការប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ស​ម​ស្រប និង​មានការ​ប្រមូល​ទិន្នន័យ​ជាប្រចាំ​សម្រាប់​ប្រើប្រាស់​ជាមួយ​ឧបករណ៍​ទាំងនោះ​។ កន្លងមក ទាំង​ការងារ​ព្យាករណ៍ និង​ជូនដំណឹង​ដល់​ប្រទេស​ជា​សមាជិក បាន​ត្រឹម​រយៈពេល​ខ្លី ប៉ុណ្ណោះ ទាំង​នៅ​រដូវប្រាំង និង​វស្សា ដែល​ហាក់​ពុំទាន់​បំពេញបាន​សមស្រប​ទៅនឹង​តម្រូវការ​របស់​ប្រទេស​ជា​សមាជិក​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការព្យាករណ៍​សម្រាប់​រយៈពេល​មធ្យម និង​វែង ព្រមទាំង​ការដាក់ឱ្យ​ដំណើរការ​អំពី​ផលិតផល​ទាំងនោះ​៕