ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ពិធី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ យុទ្ធសាស្ត្រ​ជាតិ ស្ដីពី សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​លើក​ទី 3 ឆ្នាំ​2024-2028

​ទីស្ដីការគណៈរដ្ឋមន្ត្រី​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​អញ្ជើញ​ចូលរួម​ពិធី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​លើក​ទី 3 ឆ្នាំ​2024-2028 (Launching Ceremony 3th National Strategy for Food Security and Nutrition 2024-2028) ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។​

​សូម​ជម្រាបជូន​ថា​: យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ គឺមាន​គោលបំណង លើកកម្ពស់​របប​អាហារ​សុខភាព តាមរយៈ​ការផ្លាស់ប្ដូរ​ឥរិយាបទ​បុគ្គល និង​សង្គម រៀបចំ​បរិស្ថាន​ស្បៀង ដោយ​ផ្ដោតទៅលើ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​នូវ​សេវា​អាហារូបត្ថម្ភ​ផ្សេងៗ​។ ចក្ខុវិស័យ​សំខាន់​គឺ ធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​ទទួលបាន​នូវ​អាហារ​គ្រប់គ្រាន់​ប្រកបដោយ​សុវត្ថិភាព តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់​តែមាន ភាព​ធន់ ចីរភាព បរិ​យាប​ន្ន និង​សមធម៌ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​អាហារ​ឧបត្ថម្ភ​ល្អ និង​សុខ​ភាពល្អ​៕