នាថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ខូវ វេងសុង ប្រធានការិយាល័យធនធានរ៉ែ នៃនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារការិយាល័យ ចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប ស្ថិតនៅស្ទឹងបរិបូណ៌ ក្នុងភូមិសាស្ត្រឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ការចុះសិក្សានេះក្រុមការងារបាន៖
១. ជួបជាមួយមន្ទីររ៉ែ និងថាមពល និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ដើម្បីសហការសុំព័ត៌មាន និងទិន្នន័យ អំពីធនធានរ៉ែ និងទីតាំងទាញយកធនធានរ៉ែ នៅតាមអាងស្ទឹង និងការប្រកបអាជីវកម្មធនធានរ៉ែ។ល។
២. ជួបជាមួយអាជ្ញាធរដែនដី និងម្ចាស់បូមខ្សាច់ នៅតាមទីតាំងសិក្សា ដើម្បីទទួលបានព័ត៌មានទូទៅ និងការធ្វើអាជីវកម្មធនធានរ៉ែ និងបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅតាមទីតាំងសិក្សា
៣. ពិនិត្យជាក់ស្តែង និងវាយតម្លៃពីទំហំ-បរិមាណនៃការទាញយកធនធានរ៉ែ និងវាយតម្លៃលើស្ថានភាពផលប៉ះពាល់ការបាក់ច្រាំងស្ទឹង និងការប្រែប្រួលរូបរាងស្ទឹង
៤. ប្រើប្រាស់ដ្រូនជាជំនួយថតរូបពីលើអាកាសបន្ថែមលើការចុះសិក្សាជាក់ស្តែង។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាវាយតម្លៃផលប៉ះពាល់ការធ្វើអាជីវកម្មធនធានរ៉ែ
- សិក្សាវាយតម្លៃលើភាពប្រែប្រួលរូបរាងស្ទឹង និង
- រៀបចំផែនទីទីតាំងធនធានរ៉ែ និងការទាញយកធនធានរ៉ែ នៅតាមអាងស្ទឹង៕