នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាឃុំថ្មី ថ្នាក់ដឹកនាំ និងក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តមសាស្ត្រចារ្យ លឹម ពុយ អនុប្រធាន អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ផលិតទឹកស្អាត ចំនួន ១ កន្លែង ស្ថិតនៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីតំណាងខេត្តព្រះវិហារ និងខេត្តកំពង់ធំ រួមមានលោកអភិបាលរង ប្រធានមន្ទីធនធានទឹក និងឧតុនិយម សមាជិកគណៈកម្មាការគ្រប់ធនធនាទឹកចម្រុះអាងស្ទឹងសែន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទទួលអត្ថប្រយោជន៍ពីគម្រោងក្នុងឃុំថ្មី សរុបចំនួន 83 រូប ។
ក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាបតាមរយ:ក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ជាមួយភ្នាក់ងារទឹកបារាំង និង Loire-Bretange ក្នុងផែនការសកម្មភាពគាំទ្ររយៈពេល ៥ ឆ្នាំ (២០១៦- ២០២០) ហើយគម្រោងនេះសហការជាមួយដៃគូភ្នាក់ងារទឹកបារាំង ចាប់ពីឆ្នាំ២០១២មក រហូតដល់ឆ្នាំ២០១៥ ទើបភាគីបារាំងបានឯកភាពផ្តល់ជំនួយឥតសំណងលើការសាងសង់ស្ថានីយផលិតទឹកស្អាត។ ឆ្នាំ២០១៧ គម្រោងផ្តល់ស្ថានីយផលិតទឹកស្អាតទី១ នៅឃុំថ្មី និងជាបន្តបន្ទាប់នៅពុទ្ទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ និងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ស្ថានីយផលិតទឹកស្អាតទី១ នៅឃុំថ្មីនេះ បានចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ ២០១៦ និងបញ្ចប់នៅខែមករា ឆ្នាំ២០១៧ ក្រោមជំនួយផ្នែកការអភិវឌ្ឍន៍ទឹកស្អាត់ និងអនាម័យភ្នាក់ងារទឹកបារាំង Rhien-Meuse ។
គម្រោងស្ថានីយ៍ផលិតទឹកស្អាតទី១នេះ បានចូលរួមលើកកម្ពស់ដល់សុខមាលភាព អនាម័យ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទទួលបាននូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ។ ស្ថានីយ៍ផលិតទឹកស្អាតនេះ ទាញយកទឹកក្រោមដីដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ( Solar) និងរក្សាទុកក្នុងអាងស្តុកទឹក ចំណុះ 40 ម៉ែត្រគូប និងមានលទ្ធភាពផលិតទឹកស្អាតបានចំនួន 22.5 ម៉ែត្រគូប/ថ្ងៃ និងអាចចែកចាយជូនប្រជាពលរដ្ឋបានចំនួនសរុប 703 គ្រួសារ ទូទាំងឃុំចំនួន 5 ភូមិ (ភូមិថ្នល់បែក ត្រាវគៀត ពង្រ ដំណាក់កន្ទួត និងភូមិដាន) គ្រួសារនីមួយៗនឹងទទួលបានទឹកស្អាតប្រើប្រាស់ចំនួន 30លីត្រ/ថ្ងៃ។