ព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅភូមិបណ្តែតទឹកទាំង៥ ភូមិ ចំណុះជើងវត្តទីបការាម (វត្តពៅវើយ) រួមជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំពាមបាងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ហើយក៏ជា ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្ទោង កំពុងរៀបចំតុបតែងត្រៀមទទួលសិរីសួស្តីសង្ក្រានឆ្នាំថ្មី២០២៥។
សូមជម្រាបថា ឃុំពាមបាង ជាឃុំមួយក្នុងចំណោមឃុំចំនួន១៣ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានភូមិសាស្ត្រស្ថិតនៅដាច់ស្រយាលនៅលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ស្នូល (បឹងទន្លេឆ្មា) នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប។
ឃុំនេះមានចំនួន ៥ភូមិ ជាភូមិបណ្តែតទឹកអចិន្ត្រៃយ៍ និងមានប្រជាពលរដ្ឋចំនួន ៦១៤ គ្រួសារ រស់នៅដោយពឹងអាស្រ័យផ្ទាល់ជាមួយនឹងធនធានធម្មជាតិបឹងទន្លេសាប ដែលប្រកបរបរនេសាទជាចម្បង៕