រួមគ្នា​គិត​-​រួមគ្នា​ពិនិត្យ វិភាគ និង​ដាក់​វិធានការ​ដោះស្រាយ​លើ​គុណភាព​ទឹក​នៃ​បឹង​ទន្លេសាប ដើម្បី​រក្សា​លំនឹង​អេកូ​ឡូ​សុ​ី សុខុមាលភាព​បឹង និង​មុខងារ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​ទាំងមូល ធ្វើយ៉ាងណា​បន្ត​រក្សាទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​

​អាជ្ញាធរ​ទន្លេសាប ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​ការអនុវត្ត​តាម​អនុសាសន៍​ណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ធ្វើការ​វិភាគ​សំណាក​ទឹក និង​ពិនិត្យ​សកម្មភាព​បង្ក​ផលប៉ះពាល់​មកលើ​គុណភាព​ទឹក តាម​បណ្តា​ចំនុច​គោលដៅ​សំខាន់ៗ​នៅក្នុង​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​តាមរយៈ​កម្រិត​នៃ​ការ​សាយភាយ​ការបំពុល​បណ្តាលមកពី​សកម្មភាព​នៃ​ការប្រើប្រាស់ ការគ្រប់គ្រង ការចូលរួម​ដោះស្រាយ និង​ការយល់ដឹង​នៅមានកម្រិត គួរឱ្យ​ព្រួយបារម្ភ ទាំង​ការរស់នៅ​លើ​ផ្ទៃ​ទឹក​បឹង (​ប្រជុំជន​ភូមិ​បណ្តែត​ទឹក​) តំបន់កសិកម្ម​នៅជាប់​ជុំវិញ​បឹង​ទន្លេសាប និង​ផលប៉ះពាល់​ពី​បណ្តា​ស្ទឹង​សំខាន់ៗ​ទាំង​១១ និង​តំបន់​មេគង្គ​ប៉ែក​ខាងលើ រួមមាន ៖ 

​ភាព​គ្មាន​អនាម័យ (​បន្ទោបង់​, បោកគក់​, លាង​សំអាត​, វិច​ខ្ចប់​…..) ការ​ចោល​/​បង្ហូរ​កាកសំណល់​រឹង​រាវ (​ប្រេង​ទូក​ម៉ាស៊ីន​, ស្ថានីយ​ប្រេង​, ចំណី​ត្រី​/​ប៊ែ​រ​ចិញ្ចឹម​ត្រី​, អាជីវកម្ម​លក់ដូរ​, សំណល់​ពី​លំនៅឋាន និង​ទីប្រជុំជន​….) ការប្រើប្រាស់​/​បង្ហូរ​ជីគីមី​-​ថ្នាំ​សម្លាប់​សត្វល្អិត​ដំណាំ​កសិកម្ម​គ្មាន​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​, ការបង្ហូរ​ទឹក​កខ្វក់​ពី​រោងចក្រ​សិប្បកម្ម​គ្មាន​ការ​ចម្រោះ​, ការធ្វើ​អាជីវកម្ម​រ៉ែ​, ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​, ការចាក់​លុប​បឹងបួរ​….​រួម​នឹង​ការទន្ទ្រាន​យក​ដី​ក្នុង​តំបន់ដីសើម​….​។​ល​។​

​សូមបញ្ជាក់ថា ការ​ទទួលរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​គុណភាព​ទឹក​បឹង​ទន្លេសាប តែងតែ​កើតឡើង​ធ្ងន់ធ្ងរ​នៅ​រដូវប្រាំង ជាពិសេស​តាម​បណ្តា​តំបន់​ប្រជុំជន​ភូមិ​បណ្តែត​ទឹក និង​តំបន់​មានការ​ប្រើប្រាស់​ជីគីមី​-​ថ្នាំ​សម្លាប់​សត្វល្អិត​គ្មាន​លក្ខ​ណៈ​បច្ចេកទេស​ត្រឹមត្រូវ​។​

​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប ត្រូវបាន​បែង​ចែកចេញជា បី​ប្រភេទ​រួមមាន ៖ (១). លំនៅដ្ឋាន​នៅលើ​គោក​អចិន្ត្រៃយ៍​, (២). លំនៅដ្ឋាន​៦​ខែ​គោក ៦​ខែ​ទឹក និង (៣). លំនៅដ្ឋាន​លើទឹក​ជា​អចិន្ត្រៃយ៍ ហៅថា ភូមិ​បណ្តែត​ទឹក ដែល​បច្ចុប្បន្ន​តាម​ការ​គណនា​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៦ ៧០៧​គ្រួសារ ស្មើនឹង ១១៦ ៩៩៣​នាក់ ជា​លំនៅដ្ឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​។​

​ម្យ៉ាងទៀត ផ្ទៃដី​ស្ថិតក្រោម​ផ្លូវជាតិ​លេខ​៦ និង​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប ត្រូវបាន​កំណត់​បែងចែក​ជា បី តំបន់ រួមមាន​៖ 

-​តំបន់​១ ជា​តំបន់​ភូមិករ​ប្រជាជន​រស់នៅ​រួមជាមួយ​ដី​កសិកម្ម​ដែល​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់ នៅ​ចន្លោះ​ផ្លូវជាតិ (​លេខ​៥, លេខ​៦) និង​តំបន់​២

-​តំបន់​២ ជា​តំបន់​អាស្រ័យ​ផល និង​ជា​តំបន់ទ្រនាប់ ដែល​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ត្រឹម​សិទ្ធ​អាស្រ័យ​ផល ស្ថិតនៅ​ចន្លោះ​តំបន់​១ និង​តំបន់​៣ ដែល​ផ្ទៃដី​តំបន់​២ នេះ ជាង ៨០ ភាគរយ​ជា​ដី​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ធ្វើស្រែ និង​ចំការ​

-​តំបន់​៣ ជា​តំបន់​ព្រៃ​លិច​ទឹក និង​លិច​ទឹក​នៅ​រដូវវស្សា ក្លាយជា​ជម្រក​ពង​កូន និង​ជា​តំបន់​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់ ដែល​ត្រូវការពារ​ដាច់ខាត​៕