អនុលោមតាម ស.ជ.ណ លេខ៦៩៦ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប នាថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស នៃអាជ្ញាធរទន្លេសាប ចុះពិនិត្យ និងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង នៅតំបន់អភិរក្សជីវៈចម្រុះបឹងពារាំង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលអេកូទេសចរណ៍ សម្រាប់ផែនការយុទ្ធសាស្ត្រ សំដៅពង្រឹងនិរន្តរភាព និងប្រសិទ្ធភាពក្នុងការលើកកម្ពស់គ្រប់គ្រង ការពារថែរក្សាតំបន់អេកូទេសចរណ៍ធម្មជាតិបឹងពារាំង។
សូមបញ្ជាក់ផងដែរថា តំបន់អភិរក្សជីវៈចម្រុះបឹងពារាំង ជាផ្នែកមួយនៃបឹងទន្លេសាប ហើយអាចចាត់ទុកជាតំបន់ដីសើមដែលធំមួយ ដែលមានប្រព័ន្ធអេកូឡូស៊ីប្រកបដោយសក្តានុពល និងសម្បូរទៅដោយជីវៈចម្រុះ ប្រភេទព្រៃលិចទឹក ពពួកសត្វស្លាប រួមទាំងប្រភេទត្រីមេពូជជាច្រើនប្រភេទដែលបាន និងកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ៕