ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​

​នា​ព្រឹក​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៤ នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការកែសម្រួល​មាត្រា ៤ មាត្រា ៥ និង​មាត្រា ៧ នៃ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣០៣/១១៦ ចុះ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០០៣ ស្តីពី​ការកំណត់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ក្រោម​អធិបតីភាព ឯកឧត្តម សយ សុខា អគ្គលេខាធិការ​រាជរដ្ឋាភិបាល និង​ដោយមាន​ការអញ្ជើញ​ចូល​ពី​តំណាង​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា ។​
​កិច្ចប្រជុំ​នេះ រៀបចំ​ទ្បើង​ដោយ​គោរព​តាម​បទបញ្ជា​លេខ ០៥ ប​.​ប ចុះ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៣ ស្តីពី​ការអនុវត្តន៍​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ ផ្ទេរ និង​សមាហរណកម្ម​ការងារ​របស់​ស្ថាប័នរដ្ឋ​មួយចំនួន​។ ចាប់ពី​ឆ្នាំ ២០១១ មក រហូតមកដល់​ពេលនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានរៀបចំ​ក្រុមការងារ​ស្រាវជ្រាវ​មួយ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សាកលវិទ្យាល័យ​វ៉ា​សេ​ដា​នៃ​ប្រទេស​ជប៉ុន ហើយ​និង​អ្នកជំនាញ​ការបរទេស​ខាង​បេតិកភណ្ឌ ដែល​បាន​ស្ម័គ្រចិត្ត​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពី​ប្រាសាទសំបូរព្រៃគុក តាម​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ដាក់​ស្នើសុំ​បញ្ចូល​ជា​ផ្លូវការ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឲ្យ​បាន​មុន​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៥ ។
​អង្គ​ប្រជុំបាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ អំពី​ការរៀបចំ និង​ផលវិបាក​ផ្សេងៗ​ដែល​អាច​នឹង​កើតមានឡើង​ក្រោយ​ពេលដែល​ព្រះរាជក្រឹត្យ​នេះ​ចេញ​ជា​ស្ថាពរ​។ ជា​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា បាន​ពិនិត្យ កែសម្រួល​នូវ​ពាក្យពេជន៍ ឃ្លាប្រយោគ ខ្លឹមសារ និង​ទំរង់ការ​នៃ​ព្រះរាជក្រឹត្យ ដើម្បី​ឲ្យ​មាន​ភាពល្អប្រសើរ និង​ស្របតាម​បទដ្ឋាន​នៃ​ច្បាប់​។ ឯកឧត្តម ប្រធាន​អង្គ​ប្រជុំបាន​ឯកភាព និង​ទុក​រយៈពេល​មួយ ថ្ងៃ​ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ធ្វើការ​ជាមួយគ្នា ដើម្បី​ផ្ទៀងផ្ទាត់​ទៅលើ​និយាម​កា នៃ​មាត្រា ៤ ថ្មី ដែល​ចែង​ពី តំបន់​ស្នូល តំបន់ទ្រនាប់ និង​តំបន់​រណប ឲ្យ​បានច្បាស់លាស់​។